កូរ៉េខាងត្បូងអនុញ្ញាតឱ្យអ្នកបង្កើតកម្មវិធីជៀសផុតពីការបង់ថ្លៃលក់កម្មវិធីនៅលើ App Store និង Google Play

ក្រុមហ៊ុន Apple និង Google បានរងការរិះគន់ទាក់ទងនឹងថ្លៃហាងលក់កម្មវិធីរបស់ពួកគេអស់មួយរយៈហើយ។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេសកំពុងស៊ើបអង្កេតពីលទ្ធភាពដែលក្រុមហ៊ុន Apple និង Google អាចរំលោភលើច្បាប់ជាច្រើនទាក់ទងនឹងការបោកប្រាស់ទំនុកចិត្ត ប៉ុន្តែកូរ៉េខាងត្បូងគឺជាប្រទេសដំបូងដែលចាត់វិធានការលើក្រុមហ៊ុនទាំងពីរ។

ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង លោក មូនជេអ៊ីន និងគណបក្សរបស់លោកបានអនុម័តច្បាប់មួយកាលពីម្សិលមិញដែលនឹងអនុញ្ញាតអោយអ្នកបង្កើតកម្មវិធីនៅកូរ៉េខាងត្បូងអាចជៀសផុតពីការបង់ថ្លៃលក់កម្មវិធីលើ App Store និង Google Play ព្រមទាំងថ្លៃប្រតិបត្តិការសាច់ប្រាក់ក្នុងកម្មវិធីផងដែរ។ ជាធម្មតាអ្នកបង្កើតកម្មវិធីត្រូវបង់ថ្លៃសេវាដែលស្មើនឹង 30% នៃតម្លៃកម្មវិធីដែលលក់បាន ឬទំហំសាច់ប្រាក់ដែលមានប្រតិបត្តិការក្នុងកម្មវិធីរបស់ខ្លួន។ ប៉ុន្តែក្រុមហ៊ុនទាំងពីរបានបញ្ចុះតម្លៃនេះមកត្រឹម 15% សម្រាប់អ្នកបង្កើតកម្មវិធីតូចតាច (រកបានត្រឹម 1 លានដុល្លារក្នុងមួយឆ្នាំ)។ ប្រាក់ចំណូលកម្មវិធីទូរស័ព្ទក្នុងឆ្នាំ 2020 បាននាំមកនូវទឹកប្រាក់សរុបចំនួន 111 ពាន់លានដុល្លារ ហើយមួយផ្នែកធំត្រូវបានទៅលើ Apple និង Google ដោយផ្ទាល់។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាមេរិកទាំងពីរនេះពិតជាមិនសប្បាយចិត្តនឹងច្បាប់ថ្មីនេះឡើយ។ ក្រុមហ៊ុន Apple បាននិយាយថានេះបង្កហានិភ័យដល់អ្នកប្រើប្រាស់ដោយសារច្បាប់នេះធ្វើឱ្យមានផលប៉ះពាល់ដល់ឯកជនភាព សុវត្ថិភាពនៃការទូទាត់ប្រាក់ ហើយការគ្រប់គ្រងការទិញនឹងកាន់តែពិបាកជាងមុន។

អ្នកនាំពាក្យរបស់ Google បាននិយាយថាថ្លៃសេវាកម្មរបស់ខ្លួននេះ «ជួយរក្សាភាពឥតគិតថ្លៃរបស់ប្រព័ន្ធប្រតិបត្តិការ Android ដែលផ្តល់ឱ្យអ្នកបង្កើតកម្មវិធីនូវឧបករណ៍ និងវេទិកាសកលដើម្បីភ្ជាប់ទៅកាន់អ្នកប្រើប្រាស់រាប់ពាន់លាននាក់នៅជុំវិញពិភពលោក»៕