ក្រុមហ៊ុន Qualcomm បង្ហាញនូវបច្ចេកវិទ្យា aptX Lossless សម្រាប់ឧបករណ៍ Bluetooth

បច្ចេកវិទ្យា Snapdragon Sound គឺត្រូវបានបង្កើតឡើងអស់មួយរយៈពេលមកហើយ។ ឥឡូវនេះ Qualcomm បង្ហាញនូវមុខងារគួរឱ្យចាប់អារម្មណ៍មួយទៀតដែលហៅថា aptX Lossless ។ បច្ចេកវិទ្យានេះ អនុញ្ញាតឱ្យមានការស្ដាប់តន្ត្រីប្រភេទ Lossless តាមរយៈ Bluetooth បាន។

លក្ខណៈពិសេស aptX Lossless មិនមែនត្រឹមតែគុណភាពនៃការចាក់សម្លេងនោះទេ តែវាក៏មានភាពឆ្លាតវៃផងដែរ។ វាអាចគាំទ្រឯកសារសម្លេងដែលមានទំហំរហូតដល់ 16-bit និង 44.1 kHz ។ ជាធម្មតាវាបញ្ជូនទិន្ន័យក្នុងល្បឿន 1 Mbit/s ប៉ុន្តែប្រសិនបើការតភ្ជាប់ Bluetooth មានភាពរអាក់រអួល នោះវាអាចបន្ថយអត្រាបញ្ជូនមកត្រឹម 140 Kbits/s វិញ។

តាមពិតទៅ aptX Lossless គឺជាផ្នែកមួយនៃបច្ចេកវិទ្យា aptX Adaptive ។ វាត្រួតពិនិត្យយ៉ាងជាប់លាប់នូវចរាចរណ៍ទិន្ន័យនិងប្រេកង់វិទ្យុនៅក្នុងបរិយាកាសជុំវិញដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានគុណភាព និងប្រសិទ្ធភាពល្អបំផុត។

ផលិតផលដែលគាំទ្របច្ចេកវិទ្យា aptx Lossless ដំបូងគេបង្អស់នឹងចេញមកនៅចុងឆ្នាំនេះ៕