Realme Pad ដែលមានការរចនាស្តើងនិងស្រាលនឹងមកដល់នៅថ្ងៃទី 9 ខែកញ្ញាខាងមុខនេះ

ថេប្លេត Realme Pad ដែលត្រូវបានគេនិយាយលើកដំបូងនៅក្នុងខែមិថុនានឹងត្រូវបានដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញាដែលជាថ្ងៃតែមួយដែលក្រុមហ៊ុននឹងណែនាំម៉ូឌែល 8i និង 8s 5G ។

Realme Pad នឹងមានកម្រាស់ត្រឹមតែ 6.9mm តែប៉ុណ្ណោះហើយខណៈពេលដែលក្រុមហ៊ុន Realme មិនបានបង្ហាញពីទំងន់របស់វានោះ ពត៌មានដែលក្រុមហ៊ុនបានផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាថេប្លេតនេះនឹងមានការរចនាស្រាល «ដូច្នេះអ្នកអាចកំសាន្តបានគ្រប់ពេលវេលា, រៀនបានកាន់តែច្រើនតាមបែបអេឡិចត្រូនិក ហើយនិងសម្រាលការងាររបស់អ្នក»។

ក្រុមហ៊ុន Realme ក៏បាននិយាយផងដែរថាថេប្លេតដំបូងរបស់ខ្លួននឹងផ្តល់ជូននូវ «បទពិសោធន៍រូបភាព និងសម្លេងដែលមានគុណភាពខ្ពស់កម្រិតរោងភាពយន្ត, បទពិសោធអានអក្សរដ៏អស្ចារ្យ ជាមួយនឹងអេក្រង់ត្រជាក់ភ្នែក» ។

ក្រុមហ៊ុន Realme មិនបានបង្ហាញពីទំហំថ្មរបស់ Realme Pad ទេ តែបាននិយាយថាវានឹងអាចប្រើបានពេញមួយថ្ងៃ និងគាំទ្រការបញ្ចូលថ្មរហ័ស។ ប៉ុន្តែយើងនៅមិនទាន់ច្បាស់ទេថាវានឹងមានល្បឿនលឿនប៉ុណ្ណា។

Realme មិនទាន់បានផ្ដល់ពត៌មានលម្អិតអំពីលក្ខណៈសម្បត្តិរបស់ Realme Pad នៅឡើយទេប៉ុន្តែបើតាម Geekbench យើងអាចដឹងថាវានឹងភ្ជាប់មកជាមួយបន្ទះឈីប Helio G80, ប្រព័ន្ធប្រតិបត្តិការ Android 11 និង RAM 4GB ។ យើងក៏បានលឺពាក្យចចាមអារាមពីម៉ូឌែល RAM 6GB ដែលមានទំហំ Storage 64GB ផងដែរ៕