ក្រុមហ៊ុន Nubia បង្ហើបពី Red Magic 6S Pro ជាមួយកង្ហារ RGB និងការសាកថ្ម 120W

ទូរស័ព្ទដៃស៊េរី Red Magic របស់ Nubia បានប្រើប្រាស់ប្រព័ន្ធត្រជាក់សកម្មអស់ជាច្រើនជំនាន់មកហើយ ប៉ុន្តែលើកនេះក្រុមហ៊ុន Nubia ចង់បង្កើនសមត្ថភាពរបស់ប្រព័ន្ធត្រជាក់ជាមួយនឹងទូរស័ព្ទដៃ Red Magic 6S Pro ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ។

នៅក្នុងផ្ទាំងរូបភាពដែលបានបង្ហោះនៅលើ Weibo, ក្រុមហ៊ុន Nubia បានបង្ហាញថាទូរស័ព្ទដៃនេះនឹងបំពាក់នូវកង្ហារ RGB ដែលមានដំណើរការខ្លាំងជាងមុន 200% ។ លើសពីនេះទៀតកង្ហារនេះនឹងធ្វើការជាមួយការរចនាប្រព័ណ្ធត្រជាក់ ICE 7.0 ថ្មីដែលមាន 9 ស្រទាប់។ កង្ហារ RGB ប្រហែលជាអាចមើលឃើញតាមរយៈបន្ទះខាងក្រោយនៃម៉ូឌែលដែលមានសំបកថ្លាដូចគ្នាទៅនឹង Red Magic 6 Pro ដែរ។

ជាងនេះទៅទៀតទូរស័ព្ទដៃនេះនឹងគាំទ្រនូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 120W ដែលនឹងបញ្ចូលថ្មដែលមានទំហំ 4,500mAh ក្នុងរយៈពេលត្រឹមតែ 17 នាទីប៉ុណ្ណោះ។