ក្រុមហ៊ុនធានារ៉ាប់រង Allstate ចាត់ទុកថា Samsung Galaxy Z Fold3 5G ជាទូរស័ព្ទបត់ដែលមានភាពធនជាងគេ

ក្រុមហ៊ុន Samsung បានលើកឡើងពីភាពរឹងមាំដែលមានភាពប្រសើរជាងមុននៃទូរស័ព្ទដៃបត់របស់ខ្លួននៅពេលដែលវាត្រូវបានប្រកាសកាលពីដើមខែនេះ។ ភាពប្រសើរទាំងនោះរួមមាន ការបន្ថែមការការពារជម្រាបទឹក ស៊ុមដែកដែលមានភាពរឹងមាំជាងមុន ស្រយៅដែលរឹងមាំជាងមុន និងផ្ទៃអេក្រង់បត់ដែលមានភាពធនជាងមុន។ ក្រុមហ៊ុនធានារ៉ាប់រងនៅសហរដ្ឋអាមេរិច Allstate បានបង្ហោះវីដេអូខ្លីមួយពីការរកឃើញរបស់ខ្លួនទៅលើ ​Youtube ។

Galaxy Z Fold3 5G

ការធ្វើតេស្តទម្លាក់ Samsung Galaxy Z Fold3 5G ដែលបានបង្ហាញគឺនៅពេលដែលអេក្រង់ខាងក្នុងរបស់វាត្រូវបានបើកលាត។ តេស្តនេះត្រូវបានធ្វើឡើងក្នុងកម្រិតកម្ពស់ 6 ហ្វីតហើយទម្លាក់ដោយបែរមុខអេក្រង់ខាងក្នុងរបស់វាចុះមកក្រោមដោយផ្ទាល់។ យើងឃើញមានស្នាមគួរឱ្យកត់សម្គាល់នៅជ្រុងនៃស៊ុមរបស់វា ហើយមានការខូចខាតគ្រាប់ pixel នៅលើអេក្រង់មួយចំនួនតូចជាអចិន្រ្តៃយ៍ផងដែរ។ បន្ទាប់មក Z Fold3 ត្រូវបានទម្លាក់ដោយបែរអេក្រង់ខាងក្រៅរបស់វាចុះក្រោម ដោយអេក្រង់នោះបានបែកនៅក្នុងការទម្លាក់លើដំបូង។

នៅក្នុងការធ្វើតេស្តជម្រាបទឹក Galaxy Z Fold3 ត្រូវបានពន្លិចនៅក្នុងអាងហែលទឹកជម្រៅ 5 ហ្វីតរយៈពេល 30 នាទី។ កម្រិតការពារជម្រាបទឹក IPX8 របស់ Galaxy Z Fold3 មានសមត្ថភាពទប់ជម្រាបទឹកក្នុងទឹកសាប 1.5m (4.9 ហ្វីត) រហូតដល់ 30 នាទី។ Allstate និយាយថា Galaxy Z Fold3 គឺជាទូរស័ព្ទបត់ដែលមានភាពធនបំផុតក្នុងចំណោមទូរស័ព្ទបត់ដែលពួកគេធ្លាប់បានតេស្តកន្លងមក៕