Realme GT Neo2 ទទួលបានការបញ្ជាក់ពី TENAA ដែលអាចនឹងដាក់លក់ក្រោមឈ្មោះ GT Neo Gaming នៅទីផ្សារមួយចំនួន

Realme GT Neo2 ដែលបានបង្ហាញខ្លួនកាលពីម្សិលមិញជាមួយរូបភាពនិងលក្ខណៈសម្បត្តិរបស់វាត្រូវបានបញ្ជាក់ដោយ TENAA ដោយធ្វើឱ្យវាកាន់តែខិតជិតទៅរកការដាក់ចេញលក់។ ទូរស័ព្ទដៃ GT Neo2 ដែលមានលេខកូដ RMX3370 បំពាក់ដោយបន្ទះឈីប Snapdragon 870 និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ជាមួយនឹង Realme UI 2.0 ។ វាមានអេក្រង់ AMOLED ទំហំ 6.62″ កម្រិត FullHD+ ជាមួយសេនស័រស្គែនក្រយ៉ៅដៃនៅពីក្រោម។ ទោះបីជា TENAA មិនាបានបង្ហាញពី Refresh Rate របស់វាក៏ដោយ ការលេចធ្លាយកាលពីលើកមុនបានអះអាងថាទូរស័ព្ទដៃនេះនឹងមាន Refresh Rate 120Hz ។

នៅក្នុងរន្ធលើអេក្រង់ក៏មានកាមេរ៉ាសេហ្វី ទំហំ 16MP ហើយនៅផ្នែកខាងក្រោយមានកាមេរ៉ារាងចតុកោណដែលមាន LED Flash 2 និងកាមេរ៉ា 3 គ្រាប់គឺ 64MP, 8MP និង 2MP ។ Realme GT Neo2 នឹងមាន RAM ទំហំ 6GB/8GB/12GB និងទំហំអង្គផ្ទុកទិន្ន័យ 128GB/256GB/512GB ប៉ុន្តែមិនមានរន្ធដោតកាត microSD នោះទេ។

ទូរស័ព្ទដៃនេះនឹងមានពណ៌ Mirror Black, Dream Blue, និង Super Orange ហើយ TENAA និយាយថាវានឹងមានថ្មដែលមានទំហំ 5,000mAh ។ វាមិនទាន់ច្បាស់ទេថាតើ Realme GT Neo2 នឹងសាកបានលឿនប៉ុណ្ណា ប៉ុន្តែយើងសន្មតថាវានឹងគាំទ្រការសាកថ្មយ៉ាងតិច 50W ព្រោះគ្មានទូរស័ព្ទដៃមួយណានៅក្នុងត្រកូល GT សាកថ្មយឺតជាងនេះទេ។

មិនទាន់មានពាក្យផ្លូវការពី ក្រុមហ៊ុន Realme អំពី GT Neo2 នៅឡើយទេ ប៉ុន្តែផ្ទាំងរូបភាពផ្លូវការដែលលេចចេញនៅលើ Twitter បានបង្ហាញថា GT Neo2 នឹងត្រូវបានលក់ជា GT Neo Gaming នៅក្នុងទីផ្សារមួយចំនួនដែលមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេព្រោះ GT Neo ដែលមានលក់នៅប្រទេសចិន បានដាក់លក់ជា X7 Max 5G នៅក្នុងប្រទេសឥណ្ឌា។

រូបភាពនេះក៏បង្ហាញផងដែរថាទូរស័ព្ទដៃនេះត្រូវបានគេហៅថា «Gaming Design» ហើយប្រភពបានអះអាងថាវានឹងមានជម្រើស RAM/Storage 2 គឺ 8GB/128GB និង 12GB/256GB ដែលមានតម្លៃ 499$ និង 599$៕