សៀវភៅណែនាំអ្នកប្រើប្រាស់ Samsung Galaxy S21 FE បង្ហាញពីអវត្តមានរន្ធដោតកាត microSD និងគ្មានឆ្នាំងសាកនៅក្នុងប្រអប់

ពាក្យចចាមអារ៉ាមថា Galaxy S21 FE របស់ Samsung ត្រូវបានពន្យារពេលដោយសារតែវិបត្តិបន្ទះឈីបកំពុងបន្ត។ ប៉ុន្តែយើងសង្ឃឹមថាវានឹងចេញលក់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ពត៌មានជាច្រើនអំពី Galaxy S21 FE ចេះតែបែកធ្លាយម្ដងបន្តិចៗ ហើយថ្ងៃនេះ សៀវភៅណែនាំអ្នកប្រើប្រាស់ Galaxy S21 FE ក៏ត្រូវបានបែកធ្លាយដែរហើយ។ ជាអកុសលនេះវាបានបង្ហាញថា Galaxy S21 FE នឹងមិនមានរន្ធដោតកាត microSD ទេ។

នេះគឺជាពាក្យចចាមអារាមមួយរយៈមកហើយ ប៉ុន្តែក្រោយមកនៅក្នុងខែកក្កដាវិញ្ញាបនប័ត្រ TENAA របស់ប្រទេសចិនបានបដិសេធការអះអាងនេះដោយកត់សម្គាល់ថាវាពិតជាមានរន្ធដោតកាតមែន។ ឥឡូវនេះជាមួយនឹងសៀវភៅណែនាំអ្នកប្រើប្រាស់និយាយថាវាមិនមានរន្ធដោតដាតទេ បានធ្វើឱ្យយើងមានការភ័ន្តច្រឡំបន្តិ។ ប៉ុន្តែនេះអាចជាករណីនៃការប្រែប្រួលលក្ខណៈសម្បត្តិរបស់ម៉ូឌែលទូរស័ព្ទទៅតាមតំបន់ផ្សេងៗគ្នា ដែលមានឬមិនមានរន្ធដោតកាតដោយផ្អែកលើការសំរេចចិត្តរបស់ក្រុមហ៊ុន Samsung ទៅតាមតំរូវការរបស់តំបន់នីមួយៗ។ រឿងមួយទៀតដែលសៀវភៅណែនាំបានបង្ហាញ នោះគឺថា Galaxy S21 FE នឹងមិនបានភ្ជាប់មកជាមួយនូវឆ្នាំងសាក ឬរន្ធដោតកាស 3.5mm នោះទេ។ នេះគឺជាការផ្លាស់ប្តូរមួយដែលមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារទូរស័ព្ទដៃថ្មីៗរបស់ក្រុមហ៊ុន Samsung បានដើរតាមគន្លងរបស់ក្រុមហ៊ុន Apple ទោហើយ។ ប៉ុន្តែខុសពីក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung តែងតែផ្ដល់ជូនឆ្នាំងសាកសំរាប់ទូរស័ព្ទដៃដែលមិនមែនជាទូរស័ព្ទកំពូល ហើយដែលទូរស័ព្ទដៃទាំងនោះភាគច្រើនមានរន្ធដោតកាស 3.5mm និងរន្ធដោតកាត microSD ផងដែរ។ វាហាក់បីដូចជា អ្នកចំណាយកាន់តែច្រើន អ្នកនឹងទទួលបានកាន់តែតិច។

សៀវភៅណែនាំនេះក៏បញ្ជាក់ពីលក្ខណៈពិសេសផ្សេងទៀតរបស់ Galaxy S21 FE ផងដែរដូចជាសិនស័រស្គែនក្រយ៉ៅដៃក្រោមអេក្រង់ដែលប្រើបច្ចេកវិទ្យា Ultrasonic ការការពារជម្រាបទឹកកំរិត IP68 អេក្រង់ដែលមាន Refresh Rate ខ្ពស់ក៏ដូចជាការរចនាដែលស្រដៀងគ្នាទៅនឹងគ្រួសារ S21 ផងដែរ។ លើសពីនេះទៅទៀត យើងក៏ដឹងផងដែរថាទូរស័ព្ទនេះនឹងមានយ៉ាងហោចណាស់បួនពណ៌ គឺខ្មៅ បៃតង ស្វាយ និងពណ៍ស។ វាក៏មានការគាំទ្រការសាកថ្មឥតខ្សែ ការសាកថ្មឥតខ្សែបញ្ច្រាស Samsung Pay, Wireless DeX និង Dolby Atmos ។

Galaxy S21 FE ត្រូវបានគេរំពឹងថានឹងបំពាក់ដោយបន្ទះឈីប Snapdragon 888 នៅក្នុងទីផ្សារមួយចំនួននិង Exynos 2100 នៅក្នុងទីផ្សារផ្សេងទៀតដែលមាន RAM ទំហំ 6/8GB និង Storage ទំហំ 128/256GB ។ វាមានថ្មទំហំ 4,500 mAh ដែលគាំទ្រការសាកថ្មលឿន 25W ៕