Windows 11 នឹងចេញនៅថ្ងៃទី 5 ខែតុលាជាបច្ចុប្បន្នភាពឥតគិតថ្លៃ

ក្រុមហ៊ុន Microsoft នៅថ្ងៃនេះបានប្រកាសថាខ្លួននឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការ Windows 11 នៅថ្ងៃទី 5 ខែតុលា។ ការធ្វើបច្ចុប្បន្នភាពនេះនឹងផ្តល់ជូនដោយឥតគិតថ្លៃដល់កុំព្យូទ័រដែលមានសិទ្ធិ។

ការធ្វើបច្ចុប្បន្នភាពនឹងចេញជាបណ្តើរ ៗ ចាប់ពីថ្ងៃទី 5 ខែតុលា។ ក្រុមហ៊ុន Microsoft និយាយថាឧបករណ៍ថ្មីដែលមានសិទ្ធិនឹងទទួលបានការធ្វើបច្ចុប្បន្នភាពមុនគេ។ បន្ទាប់ពីនោះការ ធ្វើបច្ចុប្បន្នភាពនឹងចេញជាបណ្តើរ ៗ ទៅកាន់ឧបករណ៍នៅលើទីផ្សារដោយផ្អែកលើភាពស័ក្តិសមនៃផ្នែករឹង, អាយុកាលរបស់ឧបករណ៍ និងកត្តាផ្សេងទៀតដែលជះឥទ្ធិពលដល់បទពិសោធន៍នៃការទទួលយកការធ្វើបច្ចុប្បន្នភាពថ្មីនេះ។

ក្រុមហ៊ុន Microsoft និយាយថាខ្លួនរំពឹងថាឧបករណ៍ដែលមានសិទ្ធិទាំងអស់នឹងត្រូវបានផ្តល់ជូនការធ្វើបច្ចុប្បន្នភាពនៅពាក់កណ្តាលឆ្នាំ 2022 ។ឧបករណ៍ដែលកំពុងដំណើរការលើ Windows 10 នឹងមើលឃើញបច្ចុប្បន្នភាពថ្មីនៅក្នុង Windows Update នៅពេលវារួចរាល់។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ទំនងជាអាចទាញយកនិងធ្វើបច្ចុប្បន្នភាពដោយខ្លួនឯងបាន។

Windows 11 នាំមកនូវការផ្លាស់ប្តូរជាច្រើនដែលមានការរចនាថ្មីទៅលើចំនុចមួយចំនួនដូចជា Start Menu , UI និងសំឡេង, Widgets, Microsoft Store និងលក្ខណៈពិសេសដែលទាក់ទងនឹងការលេងហ្គេមមួយចំនួនទៀតដូចជា Auto HDR និង Direct Storage ។

Windows 11 ក៏នឹងគាំទ្រកម្មវិធី Android តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Amazon និង Intel ។ ទោះជាយ៉ាងណាក៏ដោយលក្ខណៈពិសេសនេះនឹងមិនមាននៅពេល Windows 11 ចាប់បើកអោយដំណើរការដំបូងនោះទេ៕