លក្ខណៈសម្បត្តិរបស់ Realme GT Neo2៖ បន្ទះឈីប Snapdragon 870, អេក្រង់ 6.62″ 120Hz

មិនយូរប៉ុន្មានបន្ទាប់ពីបញ្ចេញ Realme GT, ក្រុមហ៊ុនទូរស័ព្ទដៃ Realme បានបង្ហាញ Realme GT Neo កាលពីខែមីនា។ នៅថ្ងៃនេះអនុប្រធាននៃក្រុមហ៊ុន Realme China បានបញ្ជាក់ថាក្រុមហ៊ុនកំពុងធ្វើការលើទូរស័ព្ទ Reallme GT Neo ស៊េរីថ្មី ហើយខណៈដែលលោកមិនបាននិយាយអ្វីបន្ថែមលើសពីនេះ OnLeaks និង Digit.in បានចែករំលែករូបភាព និងលក្ខណៈសម្បត្តិរបស់ទូរស័ព្ទដៃថ្មីនេះ។

Realme GT Neo2 នឹងមានអេក្រង់ AMOLED ទំហំ 6.62″ ដែលជាទំហំធំជាងគេនៅក្នុងត្រកូល GT។ វានឹងមាន Refresh Rate 120Hz និង Resolution 1080p។ ចេញពីប្រអប់ ទូរស័ព្ទនេះប្រហែលជានឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 11 និង Realme UI 2.0។

ទូរស័ព្ទដៃនេះនឹងប្រើបន្ទះឈីប Snapdragon 870 ។ បន្ទះឈីបនេះមិនមានថាមពលខ្លាំងដូចបន្ទះឈីប SD888 នៅខាងក្នុងម៉ូឌែល Realme GT នោះទេ ប៉ុន្តែវាមានសមត្ថភាពខ្លាំងជាងបន្ទះឈីប Dimensity 1200 ដែលមាននៅក្នុងម៉ូឌែល Realme GT Neo និង GT Neo Flash ។ SD870 ក៏ត្រូវបានប្រើនៅក្នុងម៉ូឌែល GT Explorer Master ដ៏ទាន់សម័យ (និងមានតម្លៃថ្លៃ) ផងដែរ។

ទោះយ៉ាងណាក៏ដោយ ទូរស័ព្ទដៃនេះនឹងត្រូវបានបំពាក់ដោយ RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB ឡើងទៅ។ Realme GT Neo2 នឹងមានកាមេរ៉ាក្រោយ 64+8+2 MP ដែល 64MP ជាកាមេរ៉ាចម្បង, 8MP ជាកាមេរ៉ា Ultra Wide និង 2MP ជាកាមេរ៉ា Macro ។ កាមេរ៉ាសេហ្វីនឹងមានទំហំ 16MP។

ម៉ូឌែលថ្មីនេះនឹងមានថ្មទំហំ 5,000 mAh ដែលជាទំហំធំជាងមុន (ម៉ូឌែល GT មានត្រឹមតែ 4,500 mAh)។ ហើយវាពិតជានឹងគាំទ្របច្ចេកវិទ្យាសាកថ្មលឿន ប៉ុន្តែយើងមិនដឹងថាលឿនប៉ុណ្ណាទេ។ តែយើងអាចទោះទាយបានថាវានឹងមានល្បឿន 65W ព្រោះម៉ូឌែល GT, GT Neo និង GT Masters ក៏សាកថ្មក្នុងល្បឿន 65W ដែរ។

រន្ធដោតកាស 3.5mm គឺជាស្តង់ដារធម្មតានៅលើស៊េរី GT ទៅហើយ ប៉ុន្តែទោះយ៉ាងណាយើងមិនបានឃើញវត្តមានរបស់វានៅលើម៉ូឌែល Neo2 ថ្មីនេះទេ។ មិនទាន់មានរបាយការណ៍ណាដែលបញ្ជាក់ពីពេលវេលាដែល Realme GT Neo2 នឹងត្រូវប្រកាសជាផ្លូវការនៅឡើយទេ៕