ក្រុមហ៊ុន Xiaomi បានបោះបង់ជាផ្លូវការនូវយីហោ Mi សម្រាប់ទូរស័ព្ទទំនើបរបស់ខ្លួន

Xiaomi បានលក់ផលិតផលរបស់ខ្លួនដែលមានម៉ាកយីហោ Mi នៅលើទីផ្សារក្រៅប្រទេសប៉ុន្តែក្រុមហ៊ុន Xiaomi នឹងឈប់ប្រើឈ្មោះនេះចាប់ពីពេលនេះតទៅ។ XDA-Developers បានរាយការណ៍ព័ត៌មាននេះជាលើកដំបូង ហើយបន្ទាប់មកវាត្រូវបានបញ្ជាក់ជាផ្លូវការដោយអ្នកនាំពាក្យរបស់ក្រុមហ៊ុនថាចាប់ផ្តើមពីត្រីមាសទី ៣ ឆ្នាំ ២០២១ ស៊េរីផលិតផល «Mi» នឹងត្រូវបានគេហៅថា «Xiaomi» ដូចដែលវាត្រូវបានហៅតាំងពីយូរយារណាស់មកហើយនៅប្រទេសចិន។

mi branding
ម៉ាកយីហោ Mi នៅលើទូរស័ព្ទដៃរបស់ក្រុមហ៊ុន Xiaomi

ឧបករណ៍ដំបូងដែលមានយីហោថ្មីនេះគឺជាទូរស័ព្ទដៃ Mix 4 និងស៊េរីថេប្លេត Pad 5 ដែលបានចេញលក់នៅថ្ងៃទី ១០ ខែសីហា។ បន្ទាប់ពីព្រឹត្តិការណ៍ចេញលក់នេះត្រូវបានបញ្ចប់ យើងមានការសង្ស័យអំពីការប្តូរម៉ាកយីហោនេះ រហូតដល់ ១៤ ថ្ងៃក្រោយទើបក្រុមហ៊ុន Xiaomi បញ្ជាក់ថា លែងមានម៉ាកយីហោ Mi ទៀតហើយ។

កាលពីមុន ប្រធាន​ចាត់ការ​ទូទៅក្រុមហ៊ុន Xiaomi បានបញ្ជាក់ថាហាង Mi Stores ឥឡូវនេះនឹងត្រូវបានគេហៅថា «Xiaomi Store» ហើយយើងរំពឹងថាការប្រកាសនេះនឹងត្រូវបានធ្វើឡើងជាផ្លូវការក្នុងព្រឹត្តិការណ៍ថ្ងៃទី ១៥ ខែកញ្ញានៅពេលដែលទូរស័ព្ទដៃស៊េរី 11T អាចនឹងមកដល់ជាមួយនឹងការសាកថ្មលឿន 120W, បន្ទះឈីបកំពូល និង អេក្រង់ដែលមានកំរិត refresh rate 120Hz៕