អតីតបុគ្គលិកក្រុមហ៊ុន Vertu កំពុងដាក់លក់ទូរស័ព្ទដៃស៊េរីថ្មី

ក្រុមហ៊ុន Vertu គឺជាក្រុមហ៊ុនមួយដែលល្បីល្បាញជាងគេនៅក្នុងពិភពទូរស័ព្ទប្រណិតដែលក្រុមហ៊ុននេះចាប់ផ្តើមជីវិតជាផ្នែកពិសេសមួយរបស់ ក្រុមហ៊ុន Nokia ។ វាបានលក់ទូរស័ព្ទដៃ Nokia ដែលស្រោបដោយសាធាតុប្រណិតៗ សំរាប់លក់នៅក្នុងទីផ្សារអ្នកមានបំផុត ប៉ុន្តែក្រុមហ៊ុនបានបរាជ័យនៅពេលយុគសម័យទូរស័ព្ទដៃឆ្លាតវៃបានចូលមកដល់។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនជាគូប្រជែងមួយចំនួនបានព្យាយាមបង្កើតទូរស័ព្ទប្រណិតៗ ប៉ុន្តែគ្មានក្រុមហ៊ុនណាមួយទទួលបានជោគជ័យខ្លាំងនោះទេ។ ឥឡូវនេះក្រុមហ៊ុន Xor (ដែលអានថា“អ៊ិខសរ”) ដែលជាក្រុមហ៊ុនបង្កើតឡើងដោយអតីតប្រធានផ្នែករចនា និងបុគ្គលិកចាស់ៗជាច្រើនរបស់ក្រុមហ៊ុន Vertu កំពុងតែព្យាយាមបន្តនូវសេចក្តីប្រាថ្នាដែលខ្លួនធ្លាប់មាន។

ទូរស័ព្ទដៃដំបូងរបស់ក្រុមហ៊ុននេះគឺ Xor Titanium ដែលត្រូវបានដាក់ឈ្មោះដោយសារតែតួសំបកដែលធ្វើពីសារធាតុទីតានីញ៉ូមរបស់វា ហើយវាមានតម្លៃដល់ទៅ 3000 ផោន (3942$)។ ជាជាងព្យាយាមប្រកួតប្រជែងជាមួយ Apple, Google និង Samsung ទៅលើលក្ខណៈបច្ចេកទេស ទូរស័ព្ទនេះគឺជាទូរស័ព្ទដៃបុរាណស្ទើរតែគ្រុបជ្រុងទៅហើយ។ វាផ្តល់នូវការហៅជាសំឡេងតាមរយៈប្រព័ន្ធ 2G និង 3G ក៏ដូចជាសារជាអក្សរផងដែរ។ លក្ខណៈពេសេសទំនើបមួយដែលវាមាននោះគឺសិនស័រគុណភាពខ្យល់។

រាល់ការហៅទូរស័ព្ទនឹងត្រូវបានធ្វើអោយប្រសើរឡើងដោយមុខងារកាត់បន្ថយសំលេងរំខាន ហើយទូរស័ព្ទនេះគាំទ្រការសាកថ្មឥតខ្សែផងដែរ។ គុណសម្បត្តិមួយនៃទូរស័ព្ទដែលខ្វះបច្ចេកវិទ្យាឆ្លាតវៃ គឺថាវាកាន់ថ្មបានយូរដែលគេរំពឹងថានឹងមានរយៈពេលរហូតដល់ 5 ថ្ងៃសម្រាប់ការសាកថ្មម្ដង។ លោក Hutchison និយាយថាទូរស័ព្ទនេះមានប្រព័ន្ធដំណើរការផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនដែលមានមូលដ្ឋានចេញពីប្រព័ន្ធដំណើរការ Linux។

ប្រព័ន្ធសុវត្ថិភាពគឺជាផ្នែកមួយដ៏សំខាន់នៃការលក់របស់ Xor ហើយគោលដៅរបស់ទូរស័ព្ទដៃនេះគឺអ្នកអាជីវកម្មធំៗដែលត្រូវការទំនាក់ទំនងដែលមានការទុកចិត្តខ្ពស់។ ប្រសិនបើមនុស្សពីរនាក់មានទូរស័ព្ទ Xor ពួកគេនឹងអាចធ្វើការឆ្លើយឆ្លងជាសំេលេង និងអក្សរជាមួយការការពារសុវត្ថិភាពទិន្ន័យប្រភេទ (AES256)។ ទូរស័ព្ទនេះក៏នឹងប្រើសំឡេងរោទ៍ខុសៗគ្នាផងដែរដើម្បីបញ្ជាក់ថាការហៅត្រូវបានការពារ ឬអត់។ ទូរស័ព្ទនិមួយៗក៏មានលេខកូដសំងាត់ដែលអាចអោយអ្នកប្រើប្រាស់លុបទិន្នន័យរបស់ពួកគេពីចម្ងាយបានផងដែរ

ដូចទៅនឹងទូរស័ព្ទដៃ Vertu ដែរ ទូរស័ព្ទរបស់ Xor ត្រូវបានផលិតដោយដៃនៅក្នុងប្រទេសអង់គ្លេសដោយក្រុមតូចមួយដែលសមាជិកក្រុមភាគច្រើនជាអតិតបុគ្គលិកក្រុមហ៊ុន Vertu៕