MacBook Pro 13 អ៊ីញថ្មីដំណើរការដោយឈីប M1 របស់ Apple

គ្រាន់តែបួនខែប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Apple ប្រកាសថាខ្លួននឹងផ្លាស់ប្តូរកុំព្យូទ័រស៊េរី Mac អោយដំណើរការឈីបផ្ទាល់ខ្លួន ក្រុមហ៊ុននេះបានដាក់បង្ហាញកុំព្យូទ័រដំបូងរបស់ខ្លួនជាមួយដែលបំពាក់ដោយឈីប Apple Silicon ។ Apple កំពុងបង្ហាញ MacBook Pro ទំហំ 13 អ៊ីញថ្មីដែលដំណើរការដោយបន្ទះឈីប M1 ថ្មី។

MacBook Pro 13 2020
MacBook Pro 13 2020

ដូចទៅនឹង MacBook Air ថ្មីនិង Mac Mini ថ្មីដែរ MacBook Pro ទំហំ 13 អ៊ីញមើលទៅដូចគ្នាបេះបិទនឹងម៉ូឌែលដែលដំណើរការដោយឈីប Intel ជំនាន់មុន។ ក្រុមហ៊ុន Apple បាននិយាយថាវានឹងមានដំណើរការលឿនជាងមុន 2.8 ដងបើប្រៀបធៀបនឹងម៉ូឌែលដែលមានស្រាប់ ហើយ GPU 8 cores របស់ M1 មានល្បឿនលឿនជាងមុន 5 ដង។ សរុបមក Apple និយាយថាកុំព្យូទ័រយួរដៃនេះលឿនជាងកុំព្យូទ័រយួរដៃ Windows ដែលលក់ដាច់បំផុតដល់ទៅ 3 ដង។ ខណៈពេលដែលម៉ាស៊ីន MacBook Air មិនមានកង្ហារ Apple បានរក្សាកង្ហារនៅក្នុង MacBook Pro ដូច្នេះវាអាចដំណើរការបានក្នុងកម្រិតខ្ពស់ជាង និង​បានយូរជាង។

អាយុកាលថ្មក៏ត្រូវបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងផងដែរ ដែលវាអាចកាន់ថ្មបានរហូតដល់ 18 ម៉ោងនៃការបើកអ៊ីនធឺណិតឥតខ្សែ និងការចាក់វីដេអូរហូត់ដល់រយៈពេល 20 ម៉ោង។ ដូចគ្នានឹង Mac mini រន្ធ Thunderbolt និង USB 4 នឹងគាំទ្រដំណើរការជាមួយ ម៉ូនីទ័រដែលមានតម្លៃថ្លៃកប់ពពករបស់ខ្លួន។

MacBook Pro ទំហំ 13 អ៊ីញថ្មីមានតម្លៃចាប់ពី 1299$ ដូចគ្នាទៅនឹងម៉ូឌែលជំនាន់មុន។ អ្នកអាចបញ្ជាទិញ MacBook Pro ១៣ អ៊ីញថ្មីថ្ងៃនេះហើយវានឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី ១៧ ខែវិច្ឆិកា។ ម៉ូឌែល 1299$ នេះជំនួស ម៉ូឌែលទាបបំផុតរបស់ MacBook Pro ជំនាន់មុន ដែលមានលក្ខណៈសម្បត្តិដូចជា អង្គចងចាំ 256GB និង RAM ទំហំ 8GB ខណៈម៉ូឌែល 1499$ បង្កើនទំហំអង្គចងចាំដល់ 512GB។ ក្រៅពីនេះ កុំព្យួទ័រទាំងនេះគឺដូចគ្នាបេះបិទហើយមានរន្ធ USB-C តែ 2 ប៉ុណ្ណោះ។ ក្រុមហ៊ុន Apple រក្សាទុកនូវម៉ូឌែលដែលមានរន្ធ USB-C 4 ដែលមានតម្លៃថ្លៃជាមួយនឹង CPU Intel ដែលអាចធ្វើការដំឡើង RAM រហូតដល់ 32GB៕