VIVO ដាក់កាលបរិច្ឆេទបើកដំណើរការ Origin OS នៅថ្ងៃទី ១៨ ខែវិច្ឆិកា

Vivo នឹងណែនាំអ្នកគាំទ្ររបស់ខ្លួនអោយស្គាល់ “ ពិភពថ្មី” ដែលជាពាក្យស្លោកសំរាប់ Origin OS ថ្មីរបស់ខ្លួន។ ក្រុមហ៊ុន Vivo ត្រូវបានគេរំពឹងថានឹងបង្ហាញ UI ថ្មីនេះនៅថ្ងៃទី ១៩ ខែវិច្ឆិកាកំឡុងពេល VDC ២០២០ (vivo Developers Conference) ប៉ុន្តែឥឡូវនេះយើងដឹងថាវានឹងត្រូវបានណែនាំជាផ្លូវការមុនមួយថ្ងៃគឺ ថ្ងៃទី១៨ ខែវិច្ឆិកា។

Origin OS ឥឡូវនេះមានទំព័រវេបសាយផ្ទាល់ខ្លួនហើយការចុះផ្សាយលើកដំបូងនៅលើទំព័រវេបសាយនោះបានបង្ហាញពីកាលបរិច្ឆេទនៃ “ព្រឹត្តិការណ៍ពិសេស” ដែលនឹងកើតឡើងនៅទីក្រុងសិនជិនប្រទេសចិន។ ទីតាំងនេះមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ – វាគឺជាទីក្រុងជាប់នឹងស្រុកកំណើតរបស់ Vivo នោះគឺទីក្រុងតុងក្វាន និងវាក៏ជាផ្នែកមួយនៃតំបន់ដែលគេហៅថា Silicon Valley ដែលជាមូលដ្ឋាននៃក្រុមហ៊ុនបច្ចេកវិទ្យានានារបស់ចិន។

Vivo មិនបាននិយាយច្រើនអំពី Origin OS ទេ។ ប៉ុន្តែយើងរំពឹងថានឹងមានការរចនា និងលក្ខណៈពិសេសដែលសាមញ្ញ និងងាយយល់ ហើយថែមទាំងមានភាពទាក់ទាញ និងងាយស្រួលប្រើសម្រាប់អតិថិជនក្រៅប្រទេសចិន។ហើយមានពាក្យចចាមអារ៉ាមមួយបាននិយាយថាវានឹងមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរវាង UI របស់ Vivo និងប្រព័ន្ធប្រតិបត្តិការដើមរបស់ Android ។ យើងនឹងដឹងកាន់តែច្បាស់នៅថ្ងៃពុធសប្តាហ៍ក្រោយ ប៉ុន្តែយើងរំពឹងថា Vivo នឹងបង្ហាញលក្ខណៈពិសេសថ្មីៗរហូតដល់ថ្ងៃប្រារព្ធព្រឹត្តិការណ៍ផ្លូវការ។