ចំនុចសំខាន់ៗដែលគួរយល់ដឹងពី Wireless Router / Access Point

ពេលទៅទិញ wireless router ម្ដងៗយើងឃើញមានអក្សរនិងលេខជាច្រើនត្រូវបានបោះពុម្ភនៅលើប្រអប់របស់ wireless router ទាំងនោះ។ អក្សរនិងលេខទាំងអស់នោះគឺជាពត៌មានស្ដីពី router  ដែលនៅក្នុងប្រអប់នោះឯង ដែលមានដូចជាឈ្មោះ បង់  ល្បឿនបញ្ជូន protocol និងលក្ខណៈពិសេសផ្សេងៗទៀត។ ក្នុងអត្ថបទនេះយើងនឹងធ្វើការពន្យល់ពីចំនុចសំខាន់ៗមួយចំនួនរបស់ wireless router  ដែលអ្នកគួរតែយល់ដឹង។ អ្វីដែលនឹងត្រូវបានរៀបរាប់ក្នុងអត្ថបទមួយនេះគឺដូចគ្នាទាំងស្រុងសំរាប់ wireless router និង wireless access point។ ដូច្នេះដើម្បីមានភាពងាយស្រួល យើងនឹងនិយាយតែពី wireless router តែប៉ុណ្ណោះ។

ល្បឿនបញ្ជូនទិន្នន័យរបស់ប្រព័ន្ធ wireless  គឺដូចជាល្បឿនបញ្ជូនទិន្នន័យរបស់ខ្សែអីុចឹងដែរ ដែលវាត្រូវបានគិតជា Mbps (Megabit per second)។ (ការភ្ជាប់បណ្ដាញ local network តាមខ្សែដែលគេពេញនិយមប្រើគឺ Ethernet ដែលជាទូទៅគេប្រើខ្សែប្រភេទ Twisted Pair។ ខ្សែ Twisted Pair នេះផងដែរក៏មានច្រើនភេទទៅទៀត ដែលមានតាំងពី Category 1 (Cat1) រហូតដល់ Category 6 (Cat6)។ ក្នុងចំណោមនោះមានខ្សែ Cat5, Cat5e, Cat6 និង Cat6a ដែលត្រូវបានគេយកមកប្រើជាមួយនឹង Ethernet network។ Cat5 មានល្បឿនបញ្ជូនទិន្នន័យ 100Mbps, Cat5e មាន 1000Mbps, Cat6 និង Cat6a មានល្បឿនដល់ទៅ​ 10Gbps។)

TP-Link Archer A7

ល្បឿនបញ្ជូនទិន្នន័យរបស់ router TP-Link Archer A7 ត្រូវបានគូសក្នុងប្រអប់ក្រហមក្នុងរូបភាពខាងលើ។ ល្បឿនរបស់វាគឺ AC1750 ដែលស្មើនឹង 450Mbps + 1300Mbps។ អក្សរ AC ដែលនៅពីមុខលេខ 1750 គឺបញ្ជាក់ថា router នេះមាន protocol 802.11ac។ ល្បឿនរបស់វាត្រូវបានបែងចែកជា២ដោយសារតែវាមានបង់បញ្ជូនទិន្នន័យ២ (Dual Band) គឺបង់ 2.4GHz និងបង់ 5.0GHz។ ល្បឿន 450Mbps គឺជាល្បឿនរបស់បង់ 2.4GHz។ ចំនែកឯល្បឿន 1300Mbps គឺជាល្បឿនរបស់បង់ 5.0GHz។

Protocol និងល្បឿនបញ្ជូន

យើងឃើញថាពី wireless router មួយទៅមួយគឺមានល្បឿនខុសៗគ្នាបើទោះជាវាមានបង់ដូចគ្នាក៏ដោយ។ មូលហេតុដែលវាមានល្បឿនខុសគ្នានេះគឺដោយសារតែ protocol ដែលប្រើនៅក្នុងបង់ និងចំនួនអង់តែនរបស់វា។ Protocol ដែលគេពេញនិយមប្រើគឺមានចំនួន៥ដែលមានដូចជា 802.011a, 802.11b, 802.11g, 802.11n និង 802.11ac។ ប៉ុន្តែបច្ចុប្បន្ននេះ Protocol ដែលពេញនិយមបំផុតនេោះគឺ 802.11n និង 802.11ac ព្រោះវាមានល្បឿនលឿន។ Protocol 802.11a អាចប្រើជាមួយបង់ 3.7GHz និង 5.0GHz ហើយវាមានល្បឿនបញ្ជូនអតិបរមា 54Mbps។ Protocol 802.11b អាចប្រើជាមួយបង់ 2.4GHz តែមួយប៉ុណ្ណោះ ហើយវាមានល្បឿនបញ្ជូនអតិបរមា 11Mbps។ Protocol 802.11g អាចប្រើជាមួយបង់ 2.4GHz តែមួយប៉ុណ្ណោះ ហើយវាមានល្បឿនបញ្ជូនអតិបរមា 54Mbps។ Protocol 802.11n អាចប្រើជាមួយបង់ 2.4GHz និង 5.0GHz ហើយវាមានល្បឿនបញ្ជូនអតិបរមា 150Mbps សំរាប់អង់តែនមួយ។ ដូច្នេះបើសិនជាវាមានអង់តែន៣ នោះវានឹងមានល្បឿនរហូតដល់ទៅ 450Mbps ឯណោះ។ Protocol 802.11ac អាចប្រើជាមួយបង់ 5.0GHz តែមួយប៉ុណ្ណោះ ហើយវាមានល្បឿនបញ្ជូនអតិបរមា 433.3Mbps សំរាប់មួយអង់តែន។ ដូច្នេះបើសិនជាវាមានអង់តែន៣ នោះវានឹងមានល្បឿនរហូតដល់ទៅ 1300Mbps ឯណោះ។  សូមធ្វើការកត់សំគាល់ថារាល់ល្បឿនដែលបានរៀបរាប់ទាំងអំបាលម៉ាននេះគឺគ្រាន់តែជាល្បឿនទ្រឹស្ដីតែប៉ុណ្ណោះ។ នៅក្នុងការប្រើប្រាស់ជាក់ស្ដែងគឺវាមានល្បឿនយឺតជាងល្បឿនទ្រឹស្តីខ្លាំង។

ក្រុមហ៊ុនផលិត wireless router ខ្លះមិនបានដាក់បង្ហាញពីល្បឿនបញ្ជូនទិន្នន័យរបស់ router ខ្លួននោះទេ ដូចជាក្រុមហ៊ុន Mikrotik ជាដើម។ គេដាក់តែចំនួនអង់តែនរបស់បង់បញ្ជូនទិន្នន័យនីមួយៗតែប៉ុណ្ណោះ។ ប៉ុន្តែយើងនៅតែអាចដឹងពីល្បឿនបញ្ជូនរបស់វាបានដោយធ្វើការគណនាដោយប្រើតាមរូបមន្តដែលបានរៀបរាប់ពីខាងលើ។

អង់តែន

ចំពោះចំនួនអង់តែនវិញ យើងមិនរាប់ចំនួនអង់តែនដែលយើងឃើញនៅខាងក្រៅ (external antenna) នោះទេ ។ យើងត្រូវមើល specification របស់ router នោះដើម្បីដឹងពីចំនួនអង់តែនរបស់បង់នីមួយៗដែលត្រូវបានបង្ហាញជាទំរង់ ចំនួនអង់តែនទទួល x ចំនួនអង់តែនបញ្ជូន។ឧទាហរណ៍ដូចជា 1×1, 2×2, 3×3 ឬ 4×4។ ជាទូទៅចំនួនអង់តែនទទួលនិងចំនួនអង់តែនបញ្ជូនគឺមានចំនួនស្មើគ្នា។ ការបែងចែកអង់តែនសំរាប់បង់បញ្ជូនរបស់ wireless router មានច្រើនបែប។ Wireless router ខ្លះមានចំនួនអង់តែនខាងក្រៅ៣ ប៉ុន្តែមានអង់តែន 2×2 សំរាប់បង់ 2.4GHz និង 3×3 សំរាប់ 5.0GHz ឬ 2×2 សំរាប់ 2.4GHz និង 1×1 សំរាប់ 5.0GHz ឬក៏អាចមានការបែងចែកបែបផ្សេងៗពីនេះទៀត។ លើសពីនេះទៅទៀត មាន wireless router ខ្លះមិនមានអង់តែនក្រៅទេ គឺមានតែអង់តែនក្នុងដែលយើងមិនអាចមើលឃើញបាន។ នេះជាមូលហេតុដែលយើងមិនរាប់ចំនួនអង់តែនតាមតែការមើលឃើញ។

បង់

បង់បញ្ជូនទិន្នន័យដែលគេពេញនិយមប្រើបំផុតមាន២គឺបង់ 2.4GHz និងបង់ 5.0GHz។ ភាពខុសគ្នារវាងបង់ទាំង២មានដូចជា៖

  • បង់ 2.4GHz អាចប្រើបានជាមួយតែ protocol 802.11n តែប៉ុណ្ណោះ ខណៈដែលបង់ 5.0GHz អាចប្រើជាមួយ protocol 802.11n ផង និង 802.11ac ផង។ (មិនគិតពី protocol ដទៃទៀត)
  • បង់ 2.4GHz អាចបញ្ចូនទិន្នន័យបានឆ្ងាយជាងបង់ 5.0GHz។
  • បង់ 2.4GHz មានលក្ខណៈចង្អៀតជាងបង់ 5.0GHz ដែលធ្វើអោយងាយមានការកកស្ទះការបញ្ជូនទិន្នន័យនៅពេលដែលមានឧបករណ៍ច្រើនភ្ជាប់ទៅកាន់បង់ 2.4GHz។

ដោយសារតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួនបែបនេះ ទើបបង់ទាំង២នេះត្រូវបានគេនិយមប្រើទន្ទឹមគ្នាដើម្បីធ្វើការបំពេញចន្លោះខ្វះខាតអោយគ្នាទៅវិញទៅមក។ Wireless router ខ្លះមានបង់បញ្ជូនរហូតដល់ទៅ៣បង់ឯណោះ គឺបង់ 2.4GHz ចំនួន១ និងប់ង 5.0GHz ចំនួន២។ គេធ្វើបែបនេះគឺដើម្បីបញ្ចៀសការកកស្ទះការបញ្ជូនទិន្នន័យ៕