ចំនុចសំខាន់ៗគួរយល់ដឹងពី Power Supply

Power Supply (Unit)  ដែលត្រូវបានហៅកាត់ថា PSU គឺជាឧបករណ៍ដែលបំលែងភ្លើងអគ្គិសនីពី AC មកជា DC ដើម្បីផ្គត់ផ្គង់ប្រព័ន្ធកុំព្យូទ័រ។

ថាមពល

ថាមពលដែល PSU អាចផ្គត់ផ្គង់បានជាទូទៅគឺចាប់ពី 200W (វ៉ាត់) រហូតដល់ 1800W។ ថាមពលកាន់តែធំ តំលៃរបស់ PSU គឺកាន់តែថ្លៃ។ ដើម្បីដឹងពីថាមពលរបស់ PSU ដែលអ្នកត្រូវទិញយកមកប្រើក្នុងប្រព័ន្ធកុំព្យូទ័ររបស់អ្នក អ្នកអាចចូលទៅកាន់ទំព័រទាំង៣នៅខាងក្រោមនេះដើម្បីធ្វើការគណនាថាមពលដោយធ្វើការជ្រើសរើសគ្រឿង និងឧបករណ៍ផ្សេងៗដែលមានក្នុងប្រព័ន្ធ​កុំព្យូទ័ររប់សអ្នក។

បន្ទាប់មកអ្នកអាចធ្វើការសំរេចចិត្តទិញ PSU ដែលមានទំហំថាមពលធំជាងតំលៃដែលគណនារួចបន្តិចដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ល្អ។

ទិន្នផល

ទិន្នផលរបស់ PSU ជាចំនុចសំខាន់មួយដែលអ្នកត្រូវដឹង។ ទិន្នផលត្រូវបានគិតជាភាគរយ ហើយវាគឺជាផលបានការ (ថាមពលបានការ) ដែលត្រូវបានផ្គត់ផ្គង់ពី PSU ទៅកាន់ប្រព័ន្ធកុំព្យូរទ័ររបស់អ្នក។ ឧទាហរណ៍ថា PSU របស់អ្នកទាញថាមពល 100W ដើម្បីផ្គត់ផ្គង់ប្រព័ន្ធកុំព្យូទ័ររបស់អ្នកដែលស៊ីថាមពលត្រឹមតែ 80W នោះមានន័យថា PSU របស់អ្នកមានទិន្នផល 80% ដែលថាមពល 20%ទៀត ត្រូវបានខាតបង់។ ទិន្នផលកាន់តែខ្ពស់គឺកាន់តែល្អព្រោះអ្នកនឹងមានការខាតបង់ថាមពលតិច។ សូមបញ្ជាក់ផងដែរថាទិន្នផលរបស់ PSU គឺមិនថេរគ្រប់ពេលនោះទេ។ វាប្រែប្រួលតាមបន្ទុកប្រើប្រាស់ និងសីតុណ្ហភាព។ ទិន្នផលរបស់ PSU ឡើងខ្ពស់ពេលបន្ទុកប្រើប្រាស់ស្ថិតក្នុងចន្លោះពី 35% ទៅ 75%។
ទាក់ទងជាមួយនឹងសីតុណ្ហភាពវិញ ទិន្នផលនឹងធ្លាក់ចុះនៅពេលដែលសីតុណ្ហភាពកើនឡើង។

ទិន្នផលធៀបនឹងបន្ទុកប្រើប្រាស់

ក្រុមហ៊ុន ECOS Consulting ដែលជាក្រុមហ៊ុនឯករាជ្យមួយបានបង្កើតស្តង់ដាតេស្ត PSU មួយដែលមានឈ្មោះថា 80 Plus។ PSU ដែលជាប់ពីការធ្វើតេស្តនេះនឹងមានសិទ្ធិប្រើស្លាកសញ្ញា 80 Plus ដើម្បីបញ្ជាក់ថា PSUនោះមានទិន្នផលខ្ពស់ជាង 80%។ បច្ចុប្បន្ន 80 Plus មាន៦ប្រភេទដែលមានដូចជា 80 Plus, 80 Plus Bronze, 80 Plus Silver, 80 Plus Gold, 80 Plus Platinum និង 80 Plus Titanium។

ប្រភេទ 80 Plus

ខាងក្រោមនេះគឺជាតារាងទិន្នផលរបស់វិញ្ញាបនបត្រ 80 Plus ទាំង៦៖

តារាងទិន្នផលរបស់ប្រភេទ 80 Plus

PSU ដែលប្រើបានតែជាមួយភ្លើង 115V (115V PSU) នឹងត្រូវបានតេស្តជាមួយភ្លើង 115V។ PSU ដែលប្រើបានតែជាមួយភ្លើង 230V (230V PSU) នឹងត្រូវបានតេស្តជាមួយភ្លើង 230V។ ចំនែកឯ PSU ដែលអាចប្រើជាមួយនឹងភ្លើង 115V ផង និង 230V ផង (115V / 230V PSU) នឹងត្រូវបានតេស្តតែជាមួយភ្លើង 115V តែប៉ុណ្ណោះ ព្រោះថាបើតេស្ដជាមួយភ្លើង 230V នោះវានឹងទទួលបានលទ្ធផលខ្ពស់ (សូមមើលក្រាបទិន្នផលធៀបនឹងបន្ទុកប្រើប្រាស់ខាងលើ)។ គេធ្វើបែបនេះដើម្បីអោយអ្នកប្រើប្រាស់ដែលរស់នៅក្នុងប្រទេសដែលប្រើភ្លើង 110V មានទំនុកចិត្តទៅលើលទ្ធផលតេស្តមួយនេះព្រោះពួកគេនឹងទទួលបានទិន្នផលពិតប្រាកដសំរាប់ប្រភេទភ្លើង 110V ដែលពួកគេកំពុងប្រើប្រាស់។ ចំនែកឯអ្នកដែលរស់នៅប្រទេសដែលប្រើភ្លើង 220V វិញកាន់តែមានទំនុកចិត្តខ្លាំងថែមទៀតព្រោះថាទិន្នផលដែលពួកគេនឹងទទួលបានគឺខ្ពស់ជាងលទ្ធផលតេស្តនេះទៅទៀត។

មានចំនុចមួយដែលយើងមិនអាចទុកចិត្តទាំងស្រុងបានទៅលើការធ្វើតេស្តនេះ ព្រោះពេលធ្វើតេស្ត គេដាក់ PSU ក្នុងម៉ាស៊ីនរក្សាសីតុណ្ហភាពមួយដោយកំណត់សីតុណ្ហភាពត្រឹមតែ 23℃ តែប៉ុណ្ណោះ។ មានន័យថាពេលដែលកំពុងតេស្ត សីតុណ្ហភាពរបស់ PSU នឹងនៅថេរត្រឹម 23℃ រហូតដែលមិនមែនជាសីតុណ្ហភាពពិតពេលប្រើប្រាស់ជាក់ស្ដែងនោះទេ។ ពេលប្រើប្រាស់ជាក់ស្ដែង សីតុណ្ហភាពរបស់ PSU អាចឡើងដល់ 45℃ ទៅ 50℃ ឯណោះ។ ដូចដែលបានរៀបរាប់ពីខាងលើ ទិន្នផលរបស់ PSU នឹងធ្លាក់ចុះពេលដែលសីតុណ្ហភាពកើនឡើង។

មានក្រុមហ៊ុនផលិត PSU ខ្លះបានប្រើស្លាកសញ្ញា 80 Plus ទាំងផលិតផលរបស់ខ្លួនមិនបានទទួលការបញ្ជាក់ត្រឹមត្រូវ។ ដើម្បីដឹងថា PSU ដែលអ្នកចង់ទិញមានវិញ្ញាបនបត្រ 80 Plus ពិតឬអត់នោះ អ្នកអាចចូលទៅកាន់ទំព័រខាងក្រោម រួចធ្វើការស្វែងរកម៉ូឌែល PSU ដែលអ្នកចង់ទិញ។

https://www.plugloadsolutions.com/80PlusPowerSupplies.aspx

ពេលចូលទៅដល់ទំព័រមួយនេះ អ្នកនឹងស្ថិតក្នុងផ្នែក “115V Internal” ដែលជាផ្នែករបស់ 115V PSU និង 115V / 230V PSU។ សូមបញ្ជាក់ឡើងវិញថា 115V / 230V PSU ត្រូវបានតេស្តតែជាមួយភ្លើង 115V តែប៉ុណ្ណោះ។  ដូច្នេះអ្នកអាចស្វែងរក PSU ដែលអ្នកចង់ទិញក្នុងផ្នែកនេះបានបើទោះជាប្រទេសកម្ពុជាយើងប្រើភ្លើង 220V ក៏ដោយ។ បើអ្នករកក្នុងផ្នែកនេះមិនឃើញទេ អ្នកអាចចូលទៅរកក្នុងផ្នែកផ្សេងៗទៀត។ ហើយបើនៅតែរកមិនឃើញទៀត មានន័យថាម៉ូឌែល PSU នោះមិនបានទទួលការបញ្ជាក់ត្រឹមត្រូវទេ។

ទំរង់ (Form Factor)

ទំរង់របស់ PSU មានច្រើនដែលជាទូទៅទំរង់ ATX និង SFX ជាទំរង់ដែលពេញនិយមបំផុតសំរាប់អ្នកតំលើងកុំព្យូទ័រដោយខ្លួនឯង។ ចំនែកឯទំរង់ដទៃទៀតមានដូចជា TFX, CFX, LFX និង Flex ATX។

ការភ្ជាប់ខ្សែ

ក្រៅពីទំរង់ PSU ក៏មានប្រភេទនៃការភ្ជាប់ខ្សែ៣ប្រភេទទៀតគឺ Non-modular, Semi-modular និង Full modular (ឬ Modular)។ Non-modular គឹជា PSU ដែលមានខ្សែភ្លើងជាប់ជាមួយប្រអប់របស់វាហើយមិនអាចដកចេញបាន។ Semi-modular គឹជា PSU ដែលមានតែខ្សែភ្លើងសំរាប់ផ្គត់ផ្គង់ភ្លើងអោយ motherboard (ATX 24 pins) និងខ្សែភ្លើងសំរាប់ផ្គត់ផ្គង់ភ្លើងអោយ CPU (ATX 4/8 pins) ទេដែលជាប់នឹងប្រអប់ ខណៈដែលខ្សែភ្លើងដទៃទៀតអាចដកចេញបាន។ ជាចុងក្រោយ PSU ប្រភេទ modular ជា PSU ដែលមានខ្សែភ្លើងទាំងអស់អាចដកចេញពីប្រអប់បាន។

ប្រភេទនៃការភ្ជាប់ខ្សែរបស់ PSU

គេប្រើ PSU ប្រភេទ modular ដើម្បីមានភាពងាយស្រួលក្នុងការធ្វើតំហែទាំ PSU ក្នុងករណីដែលចាំបាច់។ គេគ្រាន់តែដកខ្សែភ្លើងចេញពីប្រអប់ ហើយដកយកតែ PSU ចេញពីប្រព័ន្ធកុំព្យូទ័រជាការស្រេច។ សំរាប់ប្រភេទ non-modular និង semi-modular វិញ គេត្រូវធ្វើការរុះរើខ្សែភ្លើងចេញពីប្រព័ន្ធកុំព្យូទ័រសិនទើបអាចដកយក PSU ចេញមកក្រៅបាន។

កង្ហា

ជាទូទៅ PSU តែងតែមានកង្ហាដែលមានតួនាទីបង្កើតអោយមានចរន្ដខ្យល់ចេញចូលដើម្បីបំភាយកំដៅចេញពីប្រអប់ PSU។ Semi-fanless PSU ជាប្រភេទ PSU ដែលមានកង្ហាដែលដំណើរការនៅពេលដែលបន្ទុកប្រើប្រាស់កើនឡើងដល់កំរិតជាក់លាក់មួយតែប៉ុណ្ណោះ (60% ទៅ 70%)។ Fanless PSU ជា PSU ដែលមិនមានកង្ហាតែម្ដង។ Fanless PSU តែងតែមានប្រអប់ដែលមានរន្ធច្រើន ហើយផ្នែកខាងក្នុងប្រអប់មានអាលុយមីញ៉ូមជាច្រើន (PSU ធម្មតាក៏មានដែរ) ដែលដើរតួជាដែកត្រជាក់សំរាប់ជួយចំលងនិងបំភាយកំដៅចេញពីប្រអប់ PSU។

PSU ប្រភេទនេះត្រូវបានណែនាំអោយដំឡើងយ៉ាងណាអោយផ្នែកខាងលើរបស់វាមិនត្រូវបានបាំង។ មានន័យថា អ្នកត្រូវបែរក្បាល PSU ឡើងលើសំរាប់ Case  កុំព្យូទ័រដែលដាក់ PSU នៅខាងក្រោម ហើយត្រូវបែរក្បាល PSU ចុះក្រោមសំរាប់ Case ដែលដាក់ PSU នៅខាងលើ។ ហើយវាក៏ត្រូវបានគេណែនាំអោយប្រើជាមួយ Case ណាដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ផងដែរ៕